បណ្តាញកសិករ និងទឹក

បណ្តាញកសិករនិងទឹក ជាសមាគមនៃសហគមន៍កសិករប្រើប្រាស់ទឹកក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំបង្កើតឡើង និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីខែធ្នូឆ្នាំ២០១១ តាមរយៈការគាំទ្ររបស់ អង្គការសេដាក មជ្ឈមណ្ឌលសេវាកម្មធារាសាស្ត្រ និងអង្គការហ្រ្គេត ។ បច្ចុប្បន្ននេះ បណ្តាញមានសមាជិក ចំនួន១២ សហគមន៍កសិករប្រើប្រាស់ទឹក មកពីខេត្តចំនួន៨ (បន្ទាយមានជ័យ- សៀមរាប- កំពង់ធំ- កំពង់ចាម- ព្រៃវែង- កណ្តាល- កំពង់ស្ពី- ព្រះសីហនុ) ដែលគ្របដណ្តប់លើផ្ទៃដី ស្រោចស្រពដំណាំស្រូវ ទំហំប្រមាណ ២៣,០០០ហត ដែលជាកម្មសិទ្ធិរបស់កសិករចំនួន ១៥,០០០គ្រួសារ ។

ចក្ខុវិស័យ

កសិករប្រទេសកម្ពុជា មានភាពម្ចាស់ចូលរួមក្នុងការគ្រប់គ្រងថែរក្សា និងប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត ប្រកបដោយនិរន្តរភាព។

គោលដៅ

គោលដៅរបស់សមាគមបណ្តាញកសិករ និងទឹក គឺរៀបចំអោយមានទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រព ជាពិសេសលើវិស័យកសិកម្ម បរិស្ថាន និងអភិវឌ្ឍន៍ជនបទ។

គោលបំណង

គោលបំណងនៃការរៀបចំ និងចងក្រងជាសមាគមបណ្តាញកសិករ និងទឹក គឺដើម្បី៖
• ផ្លាស់ប្តូរបទពិសោធន៍ពីសហគមន៍ទៅសហគមន៍
• ជំរុញអោយមានតម្លាភាព ក្នុងការបែងចែកទឹកស្រោចស្រព
• ធានាការពារជួសជុលនិងថែទាំប្រព័ន្ធធារាសាស្រ្ត
• ការប្រមូលផ្តុំកំលាំងមតិដើម្បីស្វែងរកការគាំទ្របន្ថែម
• ជួយពិគ្រោះយោបល់លើបញ្ហានិងរកដំណោះស្រាយ
• ជំរុញអោយមានការទទួលស្គាល់សហគមន៍ជាផ្លូវការ
• ជុំរុញអោយមានការគាំទ្របន្ថែមពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធនានា និងម្ចាស់ជំនួយ ទៅលើសំភារៈ ថវិកា និងការអនុវត្តន៍ច្បាប់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សហគមន៍

បេសកកម្ម

ចងក្រងសហគមន៍កសិករប្រើប្រាស់ទឹកនៅគ្រប់ប្រព័ន្ធធារាសាស្ត្រ ដែលបានសាងសង់រួច ក្នុងកំរឹតមូលដ្ឋាន តំបន់ ជាតិ ដើម្បីពង្រឹងគ្នាទៅវិញទៅមក និងសហការគ្នាខ្ពស់ក្នុងការស្វែងរកការគាំទ្រពីភាគី ពាក់ព័ន្ធទាំងអស់។